ហាង «ភីសកាហ្វេ» ដែលប្រើកាហ្វេមណ្ឌលគិរីរបស់ជនជាតិដើមភាគតិច បើកសម្ពោធជាផ្លូវការហើយ

ថ្ងៃទី ២១ ឧសភា ម្សិលមិញនេះ ហាង «កាហ្វេសន្តិភាព» ឬ «Peace Coffee» បានបើកសម្ពោធសាខាទី១ នៅភ្នំពេញជាផ្លូវហើយ។ ហាង «Peace Coffee» នេះ បង្កើតឡើងក្នុងគោលបំណងជួយបង្កើនជីវភាពដល់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ គ្រាប់កាហ្វេដែលហាង «Peace Coffee» ប្រើប្រាស់ ជាកសិផលរបស់ជនជាតិដើមភាគតិចពីខេត្តមណ្ឌលគិរីផ្ទាល់ ជាពិសេសកាហ្វេទាំងនោះ ជាកាហ្វេសរីរាង្គ។ «Peace Coffee» មានទីតាំងស្ថិតនៅម្ដុំផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ ដោយចាប់បើកពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់។ ហាង «Peace Coffee» មានការជួយជ្រោមជ្រែងពីអង្គការ KOICA និងក្រមហ៊ុនទីម័រកាហ្វេ ក្នុងទិសដៅជួយដល់ជនជាតិដើមភាគតិច ដែលដាំដុះកាហ្វេផ្គត់ផ្គង់លើទីផ្សារ។ លោក យស ចាន់ថា នាយកប្រតិបត្តិហាង «Peace Coffee» បានបញ្ជាក់ថា៖ «ហាង ភីសកាហ្វេនេះ បង្កើតឡើងដើម្បីជួយដល់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី និងពង្រីកទីផ្សារកាហ្វេនៅក្នុងស្រុក»។ បើតាមលោក យស ចាន់ថា ហាង Peace Coffee នឹងមាននៅខេត្តសៀមរាប, ត្បូងឃ្មុំ និងមណ្ឌលគិរី។ លក្ខណៈពិសេសរបស់ហាង «Peace Coffee» គឺវត្ថុធាតុដើម ជាកាហ្វេដែលដាំដុះដោយជនជាតិដើមភាគតិចផ្ទាល់។ ជាមួយគ្នានេះ ក្រៅពីផ្ដល់សេវាកម្មលើកាហ្វេហើយ ហាង «Peace Coffee» ក៏ផ្ដល់ទីតាំងដល់សិស្ស និស្សិត ឬអង្គការ និងក្រុមហ៊ុនសម្រាប់ជួបជុំ ឬពិភាក្សាផងដែរ។ #ភីសកាហ្វេ #មណ្ឌលគិរី #Thmeythmey -------------------------------------------------------------------- ThmeyThmey News Social Media: https://thmeythmey.com/ https://www.facebook.com/ThmeyThmey/ https://www.facebook.com/thmeythmeyvideonews/ https://www.instagram.com/thmeythmeynews/ https://twitter.com/thmeythmey